Monday, March 21, 2011

ទំពាំងបាយជូរ ផ្តល់ប្រយោជន៍

ជាទូទៅគេឃើញថា ស្រាទំពាំងបាយជូរ ត្រូវបានលើកមក និយាយច្រើនជាង ផ្លែទំពាំងបាយជូរ តែយើងត្រូវដឹងថា បើគ្មានផ្លែក៏គ្មានស្រា នេះដែរ ។ ចំពោះអ្នក មិនទទួលទានស្រា ទំពាំងបាយជូរ ក៏អាចពិសាទឹក ផ្លែទំពាំងបាយជូរ ដែរ ព្រោះវាមាន ប្រយោជន៍ ដល់សុខភាពមិនចាញ់ ស្រាទំពាំងបាយជូរ ឡើយ ។
បើតាមអ្នកជំនាញការ ផ្នែកអាហារបំប៉ន និយាយថា ផ្លែទំពាំងបាយជូរ ផ្តល់ផលយ៉ាងល្អ សម្រាប់អ្នកមិនចង់ចាស់ មុនអាយុ ។ ទឹកទំពាំងបាយជូរ ក៏គួរតែមានលើតុជានិច្ច ចំពោះអ្នកដែលតែង ប្រឈមនឹងបរិស្ថានមិនល្អ ព្រោះជាតិ Flavon ក្នុងផ្លែ ទំពាំងបាយជូរ និងស្លឹករបស់វា មានប្រសិទ្ធភាព ទប់ទល់នឹងអុកស៊ីដកម្ម ល្អជាងវីតាមីន C និង E ទៅទៀត ។ ដូច្នេះវាគ្មានអ្វី ពិបាកយល់ទេ ដែលថាបណ្តា ក្រុមហ៊ុនផលិតផល ថែស្បែកប្រើប្រាស់ សារជាតិក្នុង ផ្លែទំពាំងបាយជូរ ជាគ្រឿងផ្សំ ។
ជាងនេះទៅទៀត តាមរយៈប្រសិទ្ធភាព កែសម្រួលមុខងារ រំលាយជាតិខ្លាញ់ ឱ្យទៅជាជាតិបំប៉ន របស់ថ្លើម ផ្លែទំពាំងបាយជូរ ក៏ជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាមផងដែរ ។ ដោយសារវាផ្ទុកជាតិ Kalium ច្រើនដូច្នេះ ទំពាំងបាយជូរ ក៏អាច ជួយទប់ ស្កាត់ជំងឺលើសឈាម និង ជំងឺបេះដូងទៀតផង ។
អ្នកវិទ្យាសាស្ត្រនៅ មហាវិទ្យាល័យ Wisconsin (អាមេរិក) បានឱ្យដឹងថា អ្នកដែលហូប ទំពាំងបាយជូរញឹកញាប់ នឹងចៀសផុតពីជំងឺ សរសៃឈាមខួរក្បាល ដោយសារទំពាំងបាយជូរ ធ្វើឱ្យឈាមរាវ ដោយវាទប់មិនឱ្យ ឈាមកក ក្នុងសរសៃឈាម ។
ពេលយើងហូប ផ្លែទំពាំងបាយជូរ តែងចូលចិត្ត សាច់ច្រើនជាង ប៉ុន្តែបើតាម វេជ្ជសាស្ត្រវិញ គ្រាប់ និង ស្លឹករបស់វា ទើបជារបស់មានតម្លៃជាង ។ មូលហេតុដោយសារ ក្នុងគ្រាប់របស់វាមាន សារជាតិ OPC ជួយទប់ស្កាត់ភាពចាស់ និង ការពារជំងឺ មហារីក ។ ប្រសិទ្ធភាពខាងលើ នឹងកើនខ្ពស់ បើមានវីតាមីន C ស្ថិតក្នុងស្លឹក ទំពាំងបាយជូរនោះ ។ ប៉ុន្តែគួរឱ្យស្តាយ គ្រាប់ផ្លែទំពាំងបាយជូរ នៅស្រុកយើងពិបាក នឹងចូលដល់ក្រពះណាស់ ព្រោះថាមនុស្សភាគច្រើន មិនចង់ទំពាវាសោះឡើយ ។ លើសពីនេះទៀត វាហាក់ដូចត្រូវបានគេ ខ្ពើមរអើម ព្រោះថាពេលហូបតែងត្រូវ បានគេព្រួសចេញពីមាត់ ស្ទើរគ្មានគ្រាប់ណា អាចចូលពោះបានទេ ប៉ុន្តែនៅបណ្តាប្រទេស ជឿនលឿន គេបែរជាប្រជែងគ្នា រុករកប្រមូល ស្លឹក គ្រាប់ទំពាំងបាយជូរ យក មកប្រើជាផលិតផល ថែស្បែក និង សុខភាពទៅវិញ ។ ដូច្នេះដើម្បី ទទួលបានប្រយោជន៍ ខាងសុខភាព លើកក្រោយពេល លោកអ្នកទទួលទាន ទំពាំងបាយជូរ សូមកុំចោល គ្រាប់ឱ្យសោះ ៕

No comments:

Post a Comment