Monday, March 21, 2011

អ្នកផឹកកាហ្វេ មួយថ្ងៃមួយពែង

អ្នកស្រាវជ្រាវ នៅពេលថ្មីៗនេះ បានអះអាងថា ការផឹកកាហ្វេ មួយពែង ជារៀងរាល់ថ្ងៃ អាចជា អាថ៌កំបាំងមួយ ដើម្បីធ្វើឱ្យមាន អាយុយឺនយូរ ។

ការស្រាវជ្រាវ តាមដាន ជាពិសេសមួយ ដែលគេធ្វើឡើង ដើម្បីរកមើលថា អ្វីដែលជួយមនុស្សយើង ឱ្យរស់ដល់អាយុ ១០០ ឆ្នាំនោះ បានបង្ហាញលទ្ធផលថា សូម្បីតែអ្នកដែល មានសម្ពាធឈាមខ្ពស់ ក៏មានសុខភាពល្អ ប្រសើរជាងមុនដែរ បើគេបាន ផឹកកាហ្វេ ក្នុងមួយថ្ងៃ មួយពែង ។
បើយោងតាម លទ្ធផលនៃការសិក្សា ដែលបានចេញ កាលពីដើមខែកញ្ញា បានឱ្យដឹងថា វាជួយបង្កើនភាពរំយឺត នៃសរសៃឈាមក្រហម ដែលជាលទ្ធផល ធ្វើឱ្យកាត់បន្ថយ ជំងឺបេះដូង ។
កម្មវត្ថុនៃការ ស្រាវជ្រាវនេះ គឺអ្នកចូលរួមដែល មានអាយុចាប់ពី ៦៥ ឆ្នាំ ទៅដល់ ១០០ ឆ្នាំ និង អ្នកដែលមានអាយុវែង ទាំងឡាយដែលរស់នៅ លើកោះអាយខេរី របស់ប្រទេសក្រិក ។ កោះអាយខេរី ត្រូវបានគេស្គាល់ថាជា “កោះនៃ មនុស្សអាយុវែង” ហើយមួយភាគបី នៃប្រជាជន ដែលរស់នៅលើ កោះមួយនេះ មានអាយុ ៩០ ឆ្នាំ ។
ចំនួនមនុស្ស ដែលរស់នៅ លើកោះនេះទាំងអស់ គិតជាមធ្យមមាន ជំងឺមហារីក ២០ ភាគរយ តិចជាង និងជំងឺបេះដូង ៥០ ភាគរយតិចជាង បើប្រៀបធៀប នឹងអ្នកដែលស្ថិត ក្នុងប្រទេសលោក ខាងលិច ។ លើសពីនេះទៅទៀត ចំពោះជំងឺបាត់បង់ ការ ចងចាំស្ទើរតែ អត់មានតែម្តង ។ កោះអាយខេរី គឺជាតំបន់គួរឱ្យ ចាប់អារម្មណ៍សម្រាប់ អ្នកដែលចង់ដឹង អំពីគន្លឹះធ្វើឱ្យ សុខភាពល្អ តាំងពីសតវត្សរ៍ទី ៦ មកម៉្លេះ ។
អ្នកជំនាញនៅ សម័យទំនើបនេះ បានអះអាងថា អាហារបែបមេឌីទែរ៉ាណេ ដែលអំណោយផលចំពោះ បេះដូង គឺទឹកឃ្មុំ និង “តែ” បែបធម្មជាតិនៅ លើកោះនេះ ក៏ជាផ្នែកដែលជួយ ឱ្យប្រជាជនមាន អាយុវែងដែរ ។
ឥឡូវការផឹកកាហ្វេ ជាទៀងទាត់ត្រូវ បានស្រាវជ្រាវ ដោយអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យអាថែន ដើម្បីរកមើលថា តើវាអាចជួយឱ្យ មនុស្សមានអាយុវែង ឬអត់ ។ ពួកគេបានតាមដាន មនុស្សចំនួន ៤៨៥ នាក់ ដែលមាន សម្ពាធឈាមខ្ពស់ ។
ជំងឺលើសឈាម ធ្វើឱ្យកើតអាការរឹង សរសៃឈាមក្រហម និង កាត់បន្ថយភាព យឺតដែលជាលទ្ធផល បង្កើនឱកាសនៃការ កើតរោគបេះដូង និង រោគស្ត្រូក ។ បណ្ឌិត គ្រីស្ទីណា គ្រីសូហ៊ូ ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវ នេះនិយាយ ថា “ពីមុនមក ធ្លាប់មានព័ស្តុតាង ផ្ទុយគ្នា ទាក់ទងនឹងឥទ្ធិពល នៃការផឹកកាហ្វេ ចំពោះសុខភាពបេះដូង ដោយមានការសិក្សាខ្លះ បង្ហាញថា ការផឹកកាហ្វេ ធ្វើឱ្យសម្ពាធឈាម កើនឡើង ។ ប៉ុន្តែការផឹកកាហ្វេ គឺជាទម្លាប់សង្គមមួយ នៅក្នុងវប្បធម៌ក្រិក ដូច្នេះហើយ វា ជារឿងមួយ ចាំបាច់ណាស់ដែលយើង ត្រូវធ្វើការស្រាវជ្រាវ អង្កេតលើកោះ ដែលមានអ្នក អាយុយឺនយូរ ច្រើនមួយនេះ” ។
សរសៃឈាមក្រហម របស់អ្នកចូលរួម ស្រាវជ្រាវ ត្រូវបានគេវាយតម្លៃ អំពីភាពយឺតរបស់វា ។ ៥៦ ភាគរយ នៃអ្នកផឹកកាហ្វេ ក្នុងកម្រិតមធ្យម (ផឹកមួយទៅពីរពែង ក្នុងមួយថ្ងៃ) មានសុខភាព សរសៃឈាម ក្រហមល្អជាងគេ បំផុតហើយសរសៃឈាម របស់អ្នកទាំងនោះ មានសកម្មភាពដូច សរសៃឈាមនៅក្នុង ខ្លួនមនុស្សដែលមាន វ័យក្មេងដែរ ។ សរសៃឈាមក្រហម របស់ពួកគេមាន ភាពយឺតច្រើនជាង សរសៃឈាមក្រហម របស់អ្នកដែល ផឹកកាហ្វេតិចតួច ឬ មិនផឹកសោះ ។
បណ្ឌិត គ្រីសូហ៊ូ និយាយថា អ្នកផឹកកាហ្វេ ក្នុងកម្រិតមធ្យម ផឹកប្រមាណពី ២៥ ទៅ ៥០ មិល្លីលីត្រ នៃកាហ្វេជារៀងរាល់ថ្ងៃ ។ ជាធម្មតាអ្នកដែល ចូលរួមនោះ ផឹកកាហ្វេខ្លាំងរបស់ក្រិក ប៉ុន្តែកាហ្វេប្រភេទ ដទៃទៀត ក៏ទំនងជាមានប្រសិទ្ធភាព ដូចគ្នា ដែរ ។
ទោះបីជាយ៉ាងណា ក៏ដោយ ការផឹកកាហ្វេច្រើនពេក អាចនឹងធ្វើឱ្យប្រសិទ្ធភាព ខាងលើបាត់ទៅវិញ ។ នៅក្នុងការស្រាវជ្រាវនេះ បង្ហាញថា មួយក្នុងចំណោមដប់ នៃអ្នកដែល ផឹកកាហ្វេបីពែង ឬ ច្រើនជាងនេះ ក្នុងមួយថ្ងៃ មានភាពយឺត នៃសរសៃ ឈាមក្រហម យ៉ាប់ជាងគេបំផុត ៕

No comments:

Post a Comment