Saturday, March 19, 2011

មហារីកសុដន់

ការបរិភោគ បន្លែឱ្យបាន ច្រើនដូចជា ការ៉ុត ប៊្រូខូលី ស្ពៃក្តោប និង បន្លែបៃតង ផ្សេងទៀត អាចនឹងជួយ កាត់បន្ថយ គ្រោះថ្នាក់ មហារីកសុដន់ ពិសេស មហារីកសុដន់ ប្រភេទកាចសាហាវ ដែលច្រើនកើត លើស្ត្រីអាមេរិក ដើមកំណើត អាហ្វ្រិក ។ នេះ បើយោងតាម ការស្រាវជ្រាវ ដ៏ធំមួយដែល ចេញផ្សាយ លទ្ធផល កាលពី ពេលថ្មីៗនេះ ។
បើយោងតាម មជ្ឈមណ្ឌល ត្រួតពិនិត្យ និង ទប់ស្កាត់ជំងឺ បានឱ្យដឹងថា មហារីកសុដន់ គឺជាជំងឺ ប្រហារជីវិត លំដាប់លេខពីរ សម្រាប់ស្ត្រី អាមេរិក ទាំងស្បែកខ្មៅ និង ស្បែកស ។ គេប៉ាន់ប្រមាណថា ស្ត្រីអាមេរិកម្នាក់ ក្នុងចំណោម ៨ នាក់ កើតរោគ នេះនៅដំណាក់ កាលណាមួយ នៃជីវិតរបស់ ពួកគេ ទោះជាកត្តាអាយុ តំណពូជ និង បរិស្ថាន រួមចំណែកធ្វើឱ្យ ការប្រឈមនឹង រោគនេះកើនឡើង ក៏ដោយ ។
អ្នកស្រី ប៊ូកស៍ និង សហការីចង់ ដឹងឱ្យច្បាស់ថា តើផ្លែឈើ និង បន្លែ ផ្តល់ អត្ថប្រយោជន៍ ចំពោះស្ត្រីដែល តែងបរិភោគវា ឬអត់ ពិសេសចង់ដឹងថា តើអាចមាន ប្រសិទ្ធភាព ជួយទប់ស្កាត់ រោគកាចសាហាវ នេះបានឬទេ ?
ក្រុមការងារ អ្នកស្រីបានធ្វើការ តាមដាន ចំណីអាហារ និង សុខភាពរបស់ ស្ត្រីអាមេរិកាំង ស្បែកខ្មៅ ចំនួន ៥០.០០០ នាក់ នៅជុំវិញ សហរដ្ឋអាមេរិក ដោយចំណាយពេល រហូតដល់ទៅ ១២ ឆ្នាំ ។ ក្នុងអំឡុងពេលនេះ ស្ត្រីចំនួន ១.៣០០ នាក់ បាន កើតរោគ មហារីកសុដន់ ។
ទោះបីជាយ៉ាងណា ក៏ដោយ អ្នកស្រាវជ្រាវ បានរកឃើញថា ស្ត្រីបរិភោគបន្លែ យ៉ាងតិចពីរដង ក្នុងមួយថ្ងៃ មានអត្រាកើតរោគ មហារីកសុដន់ ៤០ ភាគរយ តិចជាងស្ត្រីទាំងឡាយ ដែលបរិភោគបន្លែ តិចជាង ៤ ដង ក្នុងមួយសប្តាហ៍ ។
លើសពីនេះទៀត អ្នកស្រាវជ្រាវបាន រកឃើញ ប្រភេទបន្លែ មួយចំនួនដែលមាន ប្រសិទ្ធភាពកាត់បន្ថយ រោគមហារីកសុដន់ គ្រប់ប្រភេទ ដែលក្នុងនោះ រួមមាន ប៊្រូខូលី បន្លែបៃតង ស្ពៃក្តោប និង ការ៉ុត ។ ឧទាហរណ៍ ស្ត្រីដែលបរិភោគ ការ៉ុតយ៉ាងតិច បីដង ក្នុងមួយសប្តាហ៍ មានអត្រាគ្រោះថ្នាក់ ក្នុងការកើតរោគ មហារីកសុដន់ ១៧ ភាគរយ ទាបជាងស្ត្រី ដែលហូបការ៉ុត តិចជាងម្តង ក្នុងមួយខែ ។
អ្នកស្រី ប៊ូកស៍ បាននិយាយថា “វាប្រាកដ ណាស់ថា បន្ថែមពីលើ អត្ថប្រយោជន៍ សក្តានុពល ក្នុងការប្រឆាំងរោគ មហារីកសុដន់ ការបរិភោគបន្លែច្រើន អាចនាំឱ្យទទួល បានផលប្រយោជន៍ ខាងសុខភាព ជាច្រើនទៀត ដូចជាកាត់បន្ថយ ជំងឺបេះដូង ជាដើម ។ ដូច្នេះពួកយើង ណែនាំឱ្យស្ត្រី ទាំងឡាយព្យាយាម បង្កើនការបរិភោគបន្លែ ជារៀងរាល់ថ្ងៃ” ៕

No comments:

Post a Comment