Monday, March 21, 2011

រុក្ខជាតិឱសថខ្មែរ ១០ មុខ

អាចនិយាយបានថា ឱសថបុរាណទាំងនេះ មានគុណសម្បត្តិ មិនចាញ់ឱសថទំនើប ដែលផលិតតាម បច្ចេកវិជ្ជាសម័យថ្មី នោះទេ ព្រោះបើកាន់តែ ស្រាវជ្រាវ និង ពិសោធកាន់តែ ច្រើនប៉ុនណា គឺកាន់តែរកឃើញថា “រុក្ខជាតិឱសថ” ដែលមាន តាំង ពីបរមបុរាណ នៅក្នុងស្រុកយើងនេះ គឺជាថ្នាំពហុប្រយោជន៍ ប្រើសម្រាប់ព្យាបាលរោគ ជំនួយសុខភាព ថែមទាំងអាចប្រើដើម្បី បង្កើនសម្រស់បាន យ៉ាងល្អផងដែរ ។ ខាងក្រោមនេះ គឺជាបណ្តារុក្ខជាតិ ឱសថ ពេញនិយម របស់នារីៗ ដែលនរណាៗ ក៏ មិនហ៊ាន នឹងបដិសេធឡើយ
រមៀត
រមៀតអាចប្រើជំនួសថ្នាំ ដើម្បីសម្រាលអាការ ផ្សេងៗដូចជា ប្រើសម្រាប់ព្យាបាល អាការហើមពោះ ចុកសៀត អាហារមិនរំលាយ ប្រើសម្រាប់កាត់បន្ថយ អាស៊ីដ បណ្តេញខ្យល់ ព្យាបាលអាការចុកពោះ ព្យាបាលការតឹងសាច់ដុំ ធ្វើឱ្យការបណ្តឹង នៃ ពោះវៀនថយចុះ ប្រើធ្វើជាថ្នាំជួយ ឱ្យទទួលទានអាហារ បានច្រើន បណ្តេញទឹកលឿង និង ប្រើព្យាបាលអាការ ប្រចាំខែមិនប្រក្រតី ។ មានស្ត្រីខ្លះបាន យករមៀតមកខាត់ស្បែក ដើម្បីឱ្យមើលឃើញ លឿងម៉ដ្ឋខៃ ភ្លឺផ្លេកផងដែរ ។
ខ្ញី
ក្រៅពីប្រេងខ្ញី មានសារធាតុ ដែលបញ្ចោញ ប្រតិកម្មរំញោច ដល់ការច្របាច់ នៃក្រពះអាហារ និង ពោះវៀនហើយនោះ គេក៏និយមយកគល់ខ្ញី ប្រើជំនួសថ្នាំ ដើម្បីបណ្តេញខ្យល់ ព្យាបាលការហើមពោះ ចុកសៀត ចុកពោះ ហើយបើប្រើគល់ស្រស់ បុកពូតយកទឹក លាយជាមួយទឹកក្រូចឆ្មារ ថែមអំបិលតិចតួច ផឹកបំបាត់ក្អក និង ស្លេស្ម៍ ។ រីឯស្លឹកខ្ញីមានគុណសម្បត្តិ ព្យាបាលរោគគ្រាំ ព្យាបាលប្រមេះ ព្យាបាលនោមទាស់ និង ប្រើសម្រាប់សម្លាប់ព្រូន ។
រំដេង
គល់របស់រំដេង សម្បូរទៅដោយប្រេង ដែលមានឫទ្ធិទប់ទល់ និង រោគផ្សិតផ្សេងៗ រួមទាំងមានឫទ្ធិ ជួយបណ្តេញខ្យល់ និងទប់ស្កាត់មេរោគ បាក់តេរី ។ យកគល់រំដេង ប្រើជំនួសថ្នាំ បណ្តេញខ្យល់ ព្យាបាលជំងឺហើមពោះ សម្រាលការរមួលពោះ ចង់ក្អួត ប្រើសម្រាប់ព្យាបាល ជំងឺសើស្បែក ស្រែង ភ្លឺ ព្យាបាលខ្យល់ពិស ។ ក្រៅពីនេះក៏អាច ប្រើធ្វើជាគ្រឿងទេស ជួយបំបាត់ក្លិនឆ្អាប របស់សាច់សត្វ ផ្សេងៗបានទៀតផង ។
ស្លឹកគ្រៃ
ស្លឹកគ្រៃជួយបន្ថែម អំបិលខនិជ ដែលចាំបាច់សម្រាប់ រាងកាយ ជាច្រើនប្រភេទដូចជា កាល់ស្យូម ហ្វូសហ្វ័រ ដែក វីតាមីន E ។ រីឯដើមរបស់វាប្រើ សម្រាប់ព្យាបាល ជំងឺហើមពោះ ចុកសៀត បណ្តេញខ្យល់ ជួយឱ្យទទួលទាន អាហារបានល្អ ព្យាបាលការឈឺក្រពះ ព្យាបាលការរាករូស សម្រាលបញ្ហារដូវ មកមិនប្រក្រតី ។ អ្វីដែលសំខាន់នោះ គឺក្រៅពីប្រយោជន៍ដ៏ច្រើននេះ ស្លឹកគ្រៃក៏ជារុក្ខជាតិ ដែលងាយស្រួលដាំ និង រក្សាទុកបានយូរ ។
អង្កាញ់
ក្រៅពីយកទៅស្លហើយនោះ ស្លឹក និង ផ្ការបស់ដើមអង្កាញ់ មានគុណប្រយោជន៍ ជួយព្យាបាលជំងឺ សរសៃប្រសាទ ធ្វើឱ្យដេកលក់ស្រួល និង ប្រើព្យាបាលអង្កែ ជួយបញ្ចុះព្រូន ព្យាបាលការទល់លាមក ព្យាបាលជំងឺស្ពឹក សម្ពាធឈាមខ្ពស់ ។
ក្រូចសើច
ជារុក្ខជាតិ នៅក្នុងអម្បូរក្រូច ដែលមានឈ្មោះល្បីយូរ មកហើយ ដោយសម្បកស្រស់ និង ផ្លែស្ងួតរបស់ “ក្រូចសើច” មានគុណសម្បត្តិ ព្យាបាលការកើតខ្យល់ ងងឹតមុខ វិលមុខ ជំនួយបេះដូង បណ្តេញខ្យល់ និង ព្យាបាលបញ្ហារដូវ ។ រីឯផ្លែ របស់វា មានគុណសម្បត្តិ ជាថ្នាំបំបាត់ស្លេស្ម៍ ព្យាបាលក្អក ជួយលាងឈាម ។ ចំណែកឯស្លឹក ប្រើសម្រាប់ព្យាបាលក្អក ព្យាបាលគ្រាំក្នុង និងយកទៅធ្វើ ជាគ្រឿងផ្សំ សម្រាប់ធ្វើម្ហូប ដើម្បីបំបាត់ក្លិនឆ្អាប ។ ចំពោះស្ត្រីដែលមាន បញ្ហាសក់មិនខ្មៅក្រាស់ និងមាន អង្កែ គួរសាកល្បងយក ក្រូចសើចកក់សក់មើល៍ ព្រោះឃើញថា ប្រើបានផលតែម្តង ។
ម្រះព្រៅ
គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅ ដាំស្លបានហើយនោះ វាក៏អាចប្រើសម្រាប់ ជាប្រយោជន៍បាន ច្រើនមុខទៀត ដូចជាព្យាបាល អាការរមួលពោះ ក្អួត ចុកសៀត ហើមពោះ ព្យាបាលឫស ភ្លឺស្រែង ទប់ទល់មេរោគផ្សិត និង ធ្វើឱ្យស្ត្រីមាន ទឹកដោះក្រោយពី សម្រាលកូនរួច ។
ប្រទាលកន្ទុយក្រពើ
ផ្នែកដែលជាសារ៉ាយ នៃប្រទាលកន្ទុយក្រពើ អាចយកទៅប្រើសម្រាប់ ព្យាបាលរបួសរលាត់ស្បែក ភ្លើងឆេះ និង ដំបៅ ដោយសាររលាកទឹកក្តៅ យកទៅលាបដើម្បីការពារ និង ព្យាបាលអាការឆេះស្បែក ដោយសារកម្តៅថ្ងៃ រួមទាំងប្រើសម្រាប់ ព្យាបាលដំបៅរ៉ាំរ៉ៃ កើតឡើងដោយសារកាំរស្មី យកទៅព្យាបាលដំបៅ ដែលកើតឡើងដោយសារ ការមុត និង ដំបៅនៅតាម បបូរមាត់ យកទៅឈ្លីលើសរសៃសក់ ដើម្បីឱ្យសក់ក្រាស់ស្អាត ថែមទាំងអាចព្យាបាល ចំណុចជាំខ្មៅ បានទៀតផង ។
ត្រចៀកក្រាញ់
នៅក្នុងស្លឹកត្រចៀកក្រាញ់ មានសារធាតុ ទ្រីតឺភីណយ ដែលជួយបង្កើន ប្រសិទ្ធភាពក្នុងការ ផលិតខូឡាចេន ដែលជួយបង្កើនការយឺតយារ ទៅដល់សរសៃឈាម ជួយកាត់បន្ថយ ការប្រឈមនឹងរោគ ហើយសរសៃប្រសាទ ចុះខ្សោយ ស្ពឹកស្រពន់ ជួយឱ្យស្បែក តឹងណែន និង មានភាពយឺតយារ ជួយការពារកើតដំបៅ និង ជួយដល់ដំណើរការ ផ្សះនៃដំបៅ ថែមទាំងជួយ ការពារការរលាក នៃដំបៅទៀតផង ។
ខ្ជាយ
ក្រៅពីយកទៅធ្វើជា គ្រឿងផ្សំអាហារ ដើម្បីបំបាត់ក្លិនឆ្អាបសាច់ និង ត្រីហើយនោះ ខ្ជាយគឺជារុក្ខជាតិ ដែលមានគុណប្រយោជន៍ ជាឱសថទៀតផង ។ គេយកគល់ និង ឫសរបស់វាព្យាបាល ជំងឺរាកមួល រាករូស ជំងឺក្រពះ ភ្លឺ-ស្រែង ទឹកស៊ីជើង ធ្លាក់ស រមាស់ក្បាល ដែលកើតឡើង ដោយសាររោគផ្សិត ។ រីឯស្លឹករបស់វា យកទៅព្យាបាល ដំបៅមាត់ និង ព្យាបាលឈាមមានពិស ។
រុក្ខជាតិទាំងនេះ សុទ្ធតែមានប្រយោជន៍ ទាំងអស់ បើសិនជានៅក្នុងទីធ្លាផ្ទះ មានទីកន្លែងទំនេរ គួរតែដាំទុកនៅតាមផ្ទះ ព្រោះក្រៅពីយកទៅប្រើ ជាប្រយោជន៍បាន ច្រើនហើយនោះ ក៏អាចជួយសន្សំ សំចៃប្រាក់កាស បានខ្លះផងដែរ ៕

2 comments: